John 19

ពួក​ទាហាន​វាយ​ព្រះយេស៊ូនឹង​ខ្សែតី​

1ដូច្នេះនៅពេលនោះ​លោក​ពីឡាត់​បាន​យក​ព្រះ​យេស៊ូទៅហើយ​ឲ្យ​គេ​វាយ​ព្រះអង្គ​នឹង​ខ្សែតី 2ពួកទាហាន​បាន​ក្រងបន្លា​ធ្វើ​មកុដពាក់លើ​ព្រះ​សិររបស់ព្រះអង្គនិង​បាន​យក​អាវពណ៌ស្វាយ​មក​បំពាក់​ឲ្យ​ព្រះអង្គ 3ហើយពួកគេ​ក៏​មកព្រះអង្គទាំងទូលថា៖ ​«សូម​ថ្វាយបង្គំស្ដេចរបស់​ជនជាតិ​យូដា!» ​រួច​ពួកគេ​ក៏​ទះកំផ្លៀងព្រះអង្គ 4លោកពីឡាត់​បាន​ចេញមកខាងក្រៅហើយប្រាប់ពួកគេម្ដងទៀតថា៖ ​«មើល៍​ខ្ញុំ​នាំគាត់មក​ឯ​អ្នករាល់គ្នាដើម្បី​ឲ្យ​អ្នករាល់គ្នា​ដឹងថា​ខ្ញុំ​មិន​ឃើញ​ថាបុរស​ម្នាក់​នេះមានទោសសោះ

គេ​កាត់​ទោស​ប្រហារ​ជីវិត​ព្រះយេស៊ូ

5ដូច្នេះ​ព្រះ​យេស៊ូ​ក៏​យាង​ចេញមកក្រៅ​ទាំង​ពាក់មកុដបន្លានិងអាវពណ៌ស្វាយនោះរីឯ​លោក​ពីឡាត់​វិញ​និយាយ​ទៅ​ពួកគេថា៖ ​«មើលចុះ​គឺ​បុរសនេះ​ហើយ»។ 6ពេលពួក​សម្ដេច​សង្ឃនិង​ពួក​ឆ្មាំព្រះវិហារ​បាន​ឃើញព្រះអង្គ​ពួកគេ​ក៏​ស្រែកឡើងថា៖ ​«ឆ្កាង​វា​ទៅ! ​ឆ្កាង​វា​ទៅ!» ​លោក​ពីឡាត់និយាយ​ទៅ​ពួកគេថា៖ ​«ចូរ​អ្នករាល់គ្នា​យក​គាត់ទៅឆ្កាង​ចុះ! ​ដ្បិតខ្ញុំមិនឃើញថាបុរសនេះ​មាន​ទោសសោះ 7ពួកជនជាតិ​យូដាឆ្លើយ​ទៅ​លោក​ពីឡាត់ថា៖ ​«យើងមានក្រឹត្យវិន័យ​មួយ​ហើយតាមក្រឹត្យវិន័យនោះ​វា​ត្រូវស្លាប់ព្រោះ​វា​បាន​តាំងខ្លួនឡើង​ជា​ព្រះ​រាជ​បុត្រា​របស់​ព្រះជាម្ចាស់»។ 8ដូច្នេះពេល​លោក​ពីឡាត់​បាន​ពាក្យនោះគាត់កាន់តែភ័យខ្លាច​ថែម​ទៀត 9គាត់ក៏ចូលទៅក្នុងបន្ទាយទ័ពម្ដងទៀតហើយសួរ​ព្រះ​យេស៊ូថា៖ ​«តើ​អ្នកមកពីណា?» ​ប៉ុន្តែ​ព្រះ​យេស៊ូមិនឆ្លើយប្រាប់គាត់ឡើយ 10ដូច្នេះលោក​ពីឡាត់សួរព្រះអង្គ​ទៀត​ថា៖ ​«តើ​អ្នក​មិនប្រាប់ខ្ញុំទេ​ឬ? ​តើ​អ្នកមិនដឹង​ទេ​ថា​ខ្ញុំ​មានសិទ្ធិអំណាចដោះលែងអ្នក​ក៏​បាន​ឆ្កាងអ្នក​ក៏​បាន?» 11ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ ​«លោកគ្មានសិទ្ធិអំណាចលើខ្ញុំឡើយលុះត្រាតែ​សិទ្ធអំណាច​នោះ​បានប្រទានមកពី​ស្ថាន​លើដូច្នេះហើយបានជា​ពួក​អ្នក​ដែល​បញ្ជូនខ្ញុំមក​ឲ្យ​លោក​ពួកគេ​មានបាបធ្ងន់ជាង»។ 12បន្ទាប់ពីនោះមក​លោក​ពីឡាត់ព្យាយាមដោះលែងព្រះអង្គប៉ុន្តែ​ពួក​ជនជាតិ​យូដាស្រែកឡើងថា៖ ​«បើ​លោក​ដោះលែងវា​លោក​មិនមែនជាមិត្តរបស់ព្រះចៅអធិរាជទេ​ព្រោះ​អ្នក​ណាតាំងខ្លួនធ្វើជាស្ដេច​អ្នក​នោះ​ប្រឆាំងព្រះចៅអធិរាជ​ហើយ!» 13ពេលលោក​ពីឡាត់ពាក្យដូច្នេះ​ក៏​នាំ​ព្រះ​យេស៊ូចេញមកហើយ​គាត់​បាន​អង្គុយលើទីកាត់ក្ដីត្រង់កន្លែងមួយ​ដែល​ហៅថាទីលានក្រាលថ្ម​ភាសា​ហេព្រើរ​ហៅ​ថា​កាបាថា 14ពេលនោះ​ជាថ្ងៃរៀបចំបុណ្យរំលង​ហើយ​ប្រហែលជាម៉ោងដប់ពីរថ្ងៃត្រង់​លោក​ពីឡាត់​និយាយទៅ​ពួក​ជនជាតិ​យូដាថា៖ ​«មើល៍នេះ​ជា​ស្ដេច​របស់​អ្នករាល់គ្នា»។ 15ពេលនោះអ្នក​ទាំងនោះ​បាន​ស្រែកថា៖ ​«សម្លាប់ទៅ! ​សម្លាប់ទៅ! ​ឆ្កាងវាទៅ!»។ ​លោក​ពីឡាត់សួរ​ពួកគេ​ថា៖ ​«តើ​ឲ្យ​ខ្ញុំ​ឆ្កាង​ស្ដេច​របស់​អ្នករាល់គ្នា​ឬ?» ​ពួក​សម្ដេចសង្ឃឆ្លើយថា៖ ​«យើង​គ្មានស្ដេចណាទៀតទេក្រៅពី​ព្រះចៅអធិរាជ!»។

ការ​ឆ្កាង​ព្រះយេស៊ូ

16ដូច្នេះលោក​ពីឡាត់​ក៏​ប្រគល់ព្រះយេស៊ូឲ្យគេឆ្កាងហើយ​ពួកគេ​ក៏​យក​ព្រះអង្គទៅ 17ព្រះអង្គបាន​យាង​ចេញទៅទាំងលីឈើឆ្កាង​ដោយ​ខ្លួនឯងឆ្ពោះទៅកន្លែងមួយហៅថាតំបន់លលាដ៍ក្បាលដែល​ភាសា​ហេព្រើរហៅថាគាល់កូថា 18ពួកគេបាន​ឆ្កាងព្រះអង្គនៅ​កន្លែង​នោះជាមួយ​មនុស្ស​ពីរនាក់ទៀត​នៅ​សងខាងព្រះអង្គ​គឺ​ព្រះ​យេស៊ូនៅកណ្ដាល 19លោកពីឡាត់​បាន​សរសេរប្រកាសមួយ​ឲ្យ​គេ​បិទ​នៅ​លើឈើឆ្កាង​ដោយ​សរសេរថា៖ ​«យេស៊ូអ្នក​ក្រុង​ណាសារ៉ែតស្ដេចរបស់​ជនជាតិ​យូដា»។ 20មានជនជាតិ​យូដា​ជា​ច្រើន​បាន​អានប្រកាសនោះព្រោះកន្លែងដែល​គេ​ឆ្កាង​ព្រះ​យេស៊ូ​នោះ​នៅជិតក្រុងហើយ​ប្រកាស​នោះ​គេ​បាន​សរសេរ​ជា​ភាសា​ហេព្រើរភាសាឡាតាំង​និង​ភាសា​ក្រេក 21ពេលនោះពួក​សម្ដេច​សង្ឃរបស់​ជនជាតិ​យូដា​បាន​ប្រាប់​លោក​ពីឡាត់ថា៖ ​«សូម​កុំ​សរសេរ​ថាស្ដេចរបស់​ជនជាតិ​យូដាគឺ​សូម​ដាក់ថាវា​បាន​និយាយថា​ខ្ញុំ​ជាស្ដេច​របស់​ជនជាតិ​យូដា»។ 22លោកពីឡាត់ឆ្លើយថា៖ ​«ខ្ញុំ​សរសេរអ្វី​ខ្ញុំ​សរសេរ​ហើយ»។ 23ពេលពួក​ទាហាន​បាន​ឆ្កាង​ព្រះ​យេស៊ូ​រួច​ហើយ​ពួកគេ​ក៏​យកអាវរបស់ព្រះអង្គមកចែកជាបួនចំណែក​ហើយ​ម្នាក់ៗ​បាន​មួយ​ចំណែកព្រោះអាវក្នុងជាអាវត្បាញគ្មានថ្នេរពីលើរហូតដល់ក្រោម 24ដូច្នេះពួកគេ​ក៏​និយាយគ្នាថា៖ ​«កុំហែកអាវនេះអី​ចូរ​យើង​ចាប់ឆ្នោត​វិញ​ដើម្បី​ឲ្យ​ដឹង​ថា​អាវនេះ​នឹង​ទៅជា​របស់​អ្នកណា!» ​ពួក​ទាហានធ្វើដូច្នេះសម្រេចតាមបទគម្ពីរដែលចែងទុកថា​គេ​បាន​យកអាវ​របស់​ខ្ញុំចែកគ្នាហើយចាប់ឆ្នោត​យក​សម្លៀកបំពាក់​របស់​ខ្ញុំ 25នៅក្បែរឈើឆ្កាង​មាន​ម្ដាយព្រះយេស៊ូនិងប្អូនស្រីរបស់ម្ដាយ​របស់​ព្រះយេស៊ូ​ព្រមទាំង​នាង​ម៉ារា​ជា​ប្រពន្ធរបស់លោកក្លូប៉ាសនិងម៉ារា​ជា​អ្នក​ក្រុង​ម៉ាក់ដាឡា​កំពុង​ឈរនៅទីនោះ 26ពេលព្រះ​យេស៊ូឃើញម្ដាយនិងសិស្ស​ម្នាក់​ដែល​ព្រះអង្គ​ស្រលាញ់​កំពុង​ឈរ​នៅក្បែរ​នោះ​ក៏​មានបន្ទូលថា៖ ​«អ្នក​ម្ដាយអើយ!មើល៍នេះជាកូន​របស់​អ្នកម្ដាយ​ហើយ!» 27ហើយព្រះអង្គ​មានបន្ទូលទៅសិស្ស​ម្នាក់​នោះថា៖ ​«មើល៍​នេះ​ជាម្ដាយ​របស់​អ្នក​ហើយ!» ​តាំង​ពី​ពេលនោះមកសិស្ស​ម្នាក់​នោះ​បាន​យកនាងម៉ារាទៅនៅ​ផ្ទះ​របស់គាត់

ការសោយទិវង្គត​របស់ព្រះយេស៊ូ

28បន្ទាប់មក​ព្រះ​យេស៊ូ​បាន​ដឹងថា​ការ​ទាំងអស់​បាន​សម្រេចហើយ​រួច​ដើម្បី​ឲ្យ​សម្រេចតាមបទគម្ពីរ​ព្រះអង្គ​ក៏​មានបន្ទូលថា៖ ​«ខ្ញុំ​ស្រេកទឹកណាស់ 29នោះគេ​បាន​យក​ក្រឡមួយមានទឹកខ្មេះពេញ​មក​ហើយ​យក​សារាយស្ងួតរុំនឹងមែកហ៊ីសុបជ្រលក់ទឹកខ្មេះជោក​រួច​ហុចដល់​ព្រះ​ឧិស្ឋរបស់ព្រះអង្គ 30ពេលព្រះ​យេស៊ូទទួលទឹកខ្មេះ​រួច​ហើយ​ក៏​មានបន្ទូលថា៖ ​«កិច្ចការ​បាន​សម្រេចហើយ!» ​រួច​ព្រះអង្គ​ក៏ឱន​ព្រះ​សិរប្រគល់វិញ្ញាណ​របស់​ព្រះអង្គ 31ថ្ងៃនោះ​ជា​ថ្ងៃ​រៀបចំដ្បិតជាថ្ងៃ​ដ៏​វិសេសសម្រាប់ថ្ងៃសប្ប័ទ​ហើយ​ដោយព្រោះនៅក្នុងថ្ងៃសប្ប័ទមិន​អនុញ្ញាត​ឲ្យមានសាកសពលើឈើឆ្កាងដូច្នេះ​ពួក​ជនជាតិយូដា​បាន​សុំ​លោក​ពីឡាត់ឲ្យបំបាក់ជើង​របស់​អ្នកទោសហើយដាក់​សព​ចុះ 32ពួកទាហាន​ក៏​មកបំបាក់ជើង​អ្នក​ទីមួយហើយជើង​ម្នាក់​ទៀតដែល​ត្រូវ​បាន​ឆ្កាងក្បែរព្រះអង្គ 33ប៉ុន្តែពេល​មកដល់​ព្រះ​យេស៊ូ​ពួក​ទាហាន​បាន​ឃើញថាព្រះអង្គសោយទិវង្គតហើយពួកគេមិន​បាន​បំបាក់បាទារបស់ព្រះអង្គទេ 34ប៉ុន្តែទាហានម្នាក់​បាន​យក​លំពែងចាក់ព្រះអង្គត្រង់ចំហៀង​ខ្លួន​ភ្លាមនោះឈាមនិងទឹក​ក៏​ហូរ​ចេញមក 35រីឯអ្នកដែល​បាន​ឃើញ​គាត់​បាន​ធ្វើបន្ទាល់ហើយ​សេចក្ដី​បន្ទាល់​របស់​គាត់ពិតប្រាកដរួចគាត់ដឹងថា​គាត់​និយាយពិតដើម្បី​ឲ្យ​អ្នករាល់គ្នា​អាច​ជឿបានដែរ 36ដ្បិតហេតុការណ៍​ទាំងនេះ​បាន​កើតឡើងដើម្បីឲ្យសម្រេចបទគម្ពីរ​ដែល​ចែង​ថា​គ្មានឆ្អឹងណាមួយរបស់ព្រះអង្គ​ត្រូវ​បាក់ឡើយ 37និងបទគម្ពីរមួយទៀត​ដែល​ចែងថា​ពួកគេ​នឹង​ពិនិត្យមើលព្រះអង្គដែល​ពួកគេ​បានចាក់

ការ​បញ្ចុះ​សព​ព្រះយេស៊ូ

38ក្រោយ​ហេតុការណ៍​ទាំងនេះ​លោក​យ៉ូសែបអ្នក​ក្រុង​អើរីម៉ាថេ​បាន​សុំ​លោក​ពីឡាត់យកសព​ព្រះ​យេស៊ូហើយ​លោក​ពីឡាត់​បាន​យល់ព្រមដូច្នេះ​លោក​យ៉ូសែប​ក៏​មកយកសពរបស់ព្រះអង្គ។ ​លោកយ៉ូសែប​ជាសិស្សម្នាក់​របស់​ព្រះ​យេស៊ូប៉ុន្តែ​គាត់​បាន​លាក់មុខព្រោះខ្លាច​ពួក​ជនជាតិ​យូដា 39រីឯលោក​នីកូដេមដែលបានទៅជួបព្រះយេស៊ូទាំងយប់​កាល​ពីមុនក៏​បាន​មក​ជាមួយ​ដែរ​ហើយ​គាត់​បាន​យកល្បាយជ័រក្រអូបនិងគ្រឿងក្រអូបប្រហែលហាសិបគីឡូក្រាម​មក​ជាមួយ 40ពេលនោះពួកគេ​បាន​យកសព​ព្រះ​យេស៊ូមករុំជាមួយគ្រឿងប្រអូប​និង​ក្រណាត់ទេសឯកទៅតាមទំនៀមទម្លាប់បញ្ចុះសពរបស់​ជនជាតិ​យូដា 41នៅត្រង់កន្លែងដែល​គេ​បាន​ឆ្កាងព្រះអង្គ​នោះ​មានសួនច្បារមួយហើយក្នុងសួនច្បារនោះ​មាន​ផ្នូរមួយថ្មីដែលមិន​ទាន់​បាន​បញ្ចុះ​សព​ណានៅឡើយ 42ដូច្នេះពួកគាត់​ក៏​បញ្ចុះសព​ព្រះ​យេស៊ូ​នៅ​ទីនោះដ្បិតផ្នូរនោះនៅជិត​ហើយ​នោះ​ជា​ថ្ងៃ​រៀបចំរបស់ជនជាតិយូដា​ផង។
Copyright information for KhmKCB